រាជធានីភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក និងធនាគារ អ៊ឹមប៊ី ខេមបូឌា ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាដៃគូយុទ្ធសាស្ត្រក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អតិថិជនដែលមានបំណងទិញគេហដ្ឋានថ្មីនៅក្នុង គម្រោង មានជ័យ រ៉េស៊ីដិនស៍។

កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តនេះ មានគោលបំណងសម្រួលការក្លាយជាម្ចាស់លំនៅឋានរបស់អតិថិជនឱ្យកាន់តែងាយស្រួល និងប្រសើរជាងមុនតាមរយៈដំណោះស្រាយហិរញ្ញវត្ថុរបស់ធនាគារ អ៊ឹមប៊ី ខេមបូឌា រួមជាមួយការផ្តល់នូវប្រភេទលំនៅឋានដ៏ប្រណីតរបស់គម្រោង មានជ័យ រ៉េស៊ីដិនស៍។ អតិថិជន នឹងទទួលបានជម្រើសហិរញ្ញវត្ថុកាន់តែសម្បូរបែប ជាមួយអត្រាការប្រាក់ប្រកួតប្រជែង ថែមទាំងអាចទទួលបានកម្ចីរយៈពេលរហូតដល់ ៣០ឆ្នាំ និងការផ្តល់ជូនឥតបង់ប្រាក់ដើមសម្រាប់រយៈពេល ៣៦ខែ។
លោកជំទាវ លឹម លក្ម្សី អគ្គនាយិការងនៃក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន និងជាតំណាងគម្រោង មានជ័យ រ៉េស៊ីដិនស៍ បានមានប្រសាសន៍ថា៖ “កិច្ចសហការរវាងក្រុមហ៊ុនយើងទាំងពីរមានមូលដ្ឋានលើសេចក្ដីទុកចិត្ត និងការប្ដេជ្ញាចិត្តរួមគ្នាក្នុងចក្ខុវិស័យនៃការបង្កើតផលចំណេញសម្រាប់អតិថិជន និងបង្កើនវឌ្ឍនភាពនៅតំបន់ស្នូលនៃមហាវិថីសម្ដេច ហ៊ុន សែន។”

លោក Nguyen Anh Khanh នាយកប្រតិបត្តិនៃធនាគារ អ៊ឹមប៊ី ខេមបូឌា បានមានប្រសាសន៍ថា “យើងមានភាពរីករាយជាខ្លាំងក្នុងធ្វើជាដៃគូសហការជាមួយគម្រោង មានជ័យ រ៉េស៊ីដិនស៍ ដើម្បីជួយសម្រួលដល់ការក្លាយជាម្ចាស់លំនៅឋានរបស់អតិថិជនឱ្យកាន់តែប្រសើរ និងងាយស្រួលជាងមុន។ កិច្ចសហប្រតិបត្តិការនេះ ពិតជា និងផ្តល់ជូននូវអត្ថប្រយោជន៍ជាខ្លាំងដល់អតិថិជនតាមរយៈដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយទំនុកចិត្តរបស់យើង”។ ភាពជាដៃគូសហការនេះ បានស្តែងចេញឱ្យឃើញពីការប្តេជ្ញារបស់ភាគីទាំងពីរក្នុងការផ្តល់ជូននូវដំណោះស្រាយដ៏សម្បូរបែបដោយផ្តោតលើតម្រូវការរបស់អតិថិជនជាសំខាន់។ ការផ្តល់ជូននេះ ក៏បានកើតឡើងស្របពេលជាមួយនឹងការកើនឡើងនៃតម្រូវការលំនៅឋានប្រកបដោយស្តង់ដាគុណភាព និងតំបន់ដែលមានសក្ដានុពលខ្ពស់។

ធនាគារ អ៊ឹមប៊ី ខេមបូឌា និងក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន បាននិងកំពុងចូលរួមជាមួយប្រជាជនកម្ពុជាក្នុងការកសាងអនាគតឱ្យកាន់តែប្រសើរឡើង។